ខេត្តសៀមរាប : ប្រាសាទបាគង

ប្រាសាទបាគងមានទីតាំងស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃ រាជធានីហរិហរាល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ។ប្រាសាទបាគងត្រូវបានកសាងនៅក្នុងរជ្ជកាលព្រះបាទឥន្រ្ទវរ្ម័នទី១ នៅក្នុងគ.ស៨៨១។ ប្រាសាទបាគង ត្រូវបានចាត់ទុកជាប្រាសាទរាជ សម្រាប់ឧទ្ទិសដល់ព្រះឥសូរ និងឧទ្ទិសដល់អំណាចរបស់ព្រះរាជាផ្ទាល់ផងដែរ ហើយនៅពេលព្រះអង្គយាងចូលទិវង្គត ប្រាសាទនេះត្រូវបានប្រើប្រាស់ជាផ្នូររបស់ព្រះអង្គ។ ប្រាសាទបាគងដែលជាប្រាសាទមុនគេ សាងសង់អំពីថ្មភក់ ប្រកបដោយនិម្មាបនកម្មដ៏ល្អប្រណិត ដែលមានឈ្មោះដើមថា ថ្មនៃឥសៈ ហើយតំណាងភ្នំសុមេរុ។មិនខុសពីប្រាសាទលលៃ ប្រាសាទព្រះគោ និង ប្រាសាទព្រៃមន្ទីរ ប្រាសាទបាគងគឺស្ថិតនៅក្នុងក្រុមរលួស តែស្ថិតនៅចំកណ្តាលនៃទីក្រុងអង្គរទី១ ឬហរិហរាល័យ ដោយមានចម្ងាយប្រមាណជា ១២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាបបច្ចុប្បន្ន ។ ប្រាសាទអង្គរទាំងនោះ ស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ គឺពី១ទៅ២,៥គីឡូម៉ែត្រ តែប៉ុណ្ណោះ។ ប្រាសាទបាគងគឺជាឈ្មោះថ្មី ដែលត្រូវបានហៅនៅសម័យកណ្តាល។

ប្រាសាទនេះផ្សំពីពាក្យ ប្រាសាទ+ បា + គង។ ប្រាសាទ មានន័យថាទីកន្លែងអាទិទេពគង់នៅ។«បា» មានន័យ ថាអ្នកគ្រប់គ្រងលោក អ្នកថែរក្សាលោក។ រីឯពាក្យ«គង» មានន័យថាគឺជាវត្ថុសម្រាប់បន្លឺសម្លេងឱ្យលាន់លឺរំពងខ្លាំង ហើយត្រូវបានអ្នកមានជំនឿលើអាទិទេព ប្រើប្រាស់ដើម្បីបង្កើតជាសូរសម្លេងដាស់លាន់លឺដល់ពួកអាទិទេពទាំងអស់។ តាមសិលាចារឹកនៃប្រាសាទនេះមានឈ្មោះដើមថា«ឥន្ទ្រេស្វរៈ»។

+.សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យរបស់ប្រាសាទបាគង

ប្រាសាទបាគង មានទ្រង់ទ្រាយខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ «ឥន្រេ្ទស្វរៈ» ដែលផ្តល់តមៃ្លទៅលើលទ្ធិបុគ្គលនិយម ដែលជាមែកធាងមួយនៃលទ្ធិទេវរាជ។ ប្រាសាទនេះ មានកំពែងខាងក្រៅធ្វើអំពីថ្មបាយកៀ្រម ដែលមួយចំណែកបានកប់បាត់ទៅ ក្នុងព្រៃនិងមួយចំណែកទៀតបាក់បែកខូចអស់ ដោយមានបណ្តោយ ៨៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ និងមាន សិន្ធុ(នទី ទន្លេ មហាសមុទ្រ ទឹក ឬធ្នារទឹក) ព័ទ្ធជុំវិញ ទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់នៅសល់តែទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ។

ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយ ក្បូរក្បាច់រចនារស់រវើក។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន៥ថ្នាក់ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤តែជញ្ជាំងទិសខាងកើតនៅល្អជាងគេ នៅហោជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ដែលមានទ័ពស្វាចោមរោមជាបរិវារ។ ចំណែកនៅតាមថ្នាក់នីមួយៗ សុទ្ធតែមានចម្លាក់រឿងដកស្រង់ចេញពី ព្រហ្មញ្ញសាសនា តែគួរឱ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹងធាតុអាកាសក្តៅ ត្រជាក់ ភ្លៀង ខ្យល់ ជាង១ពាន់ឆ្នាំ។យោងតាមឯកសារ ប្រវត្តិសាស្រ្តខែ្មរ បញ្ជាក់ថា បន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ.ស ៨៧៧ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានមកគង់នៅរាជធានី ហរិហរាល័យ ឬទីក្រុងរលួស ដែលព្រះបាទជ័យវរ្ម័នទី២ បានត្រួសត្រាយជាដំបូង។ ក្រៅពីការចាត់ការឱ្យជីកបារាយណ៍ឥន្រ្ទតដាក នៅខាងជើងរាជធានីដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ដែលសព្វថៃ្ងគោកអស់ ក្លាយទៅជាវាលស្រែនោះ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានកសាង ប្រាសាទបាគង ដែលជាប្រាសាទភ្នំទី១ ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បី ជានិមិត្តរូប នៃព្រះរាជអំណាចរបស់ ព្រះអង្គ ដែលលាតសន្ធឹងដល់តំបន់ពាយ័ព្យរហូតដល់សមុទ្រ។បើតាមការសិក្សាបានឱ្យដឹងថាប្រាង្គកណ្តាលឬតួប៉មនៃប្រាសាទត្រូវបានជួសជុលនៅ ស.វទី១២ ក្នុងរជ្ជកាល របស់ព្រះបាទសុរិយាវរ្ម័នទី២ ដូច្នេះហើយ ក្បាច់ក្បូរលំអរមួយចំនួនស្ថិតក្នុងរចនាបថអង្គរវត្ត ។ សូមជម្រាបថា រវាងឆ្នាំ១៩៣៦ និង ១៩៤៤ កំពូលនៃប្រាង្គកណ្តាលដែលរលំបាក់ ត្រូវបានជួសជុលដោយលោកហ្លែស្ស ។ប្រាសាទបាគងមានកំពែង ២ ជាន់ គឺកំពែងខាងក្រៅនិងកំពែងខាងក្នុង។ កំពែងខាងក្រៅមានទំហំ ៩០០គុណ៧០០ម៉ែត្រ ហ៊ុមព័ទ្ធដោយគូទឹក ដែលតំណាងឱ្យមហាសមុទ្រនៃលោកធាតុវិទ្យាឥណ្ឌា។ ផ្លូវចូលកាន់ប្រាសាទ មានពីរ គឺខាងកើតនិងខាងលិច ដែលលំអដោយនាគញីឈ្មោលមួយគូរលូនអមសងខាងផ្លូវ។ តែឥឡូវនេះ ត្រូវបានបាក់បែកសឹងតែទាំងអស់ គ្រាន់តែបន្សល់នៅក្បាល និងដងខ្លួនមួយចំនួនដែលរិចរិលប៉ុណ្ណោះ។

ចំណែកចម្លាក់ លំអទាំងឡាយនៅតាមជញ្ជាំងនៃខឿនត្រូវបានខូចខាតទាំងអស់ លើកលែងតែថ្មមួយដុំនៅលើជញ្ជាំងខាងត្បូងនៅថ្នាក់ទី៤ ឆ្លាក់រូបយក្សដែលសេសសល់។ ដូចពោលខាងលើ ប្រាសាទបាគងគឺជាប្រាសាទភ្នំមានរាងជាសាជី ស្ថិតក្នុងកំពែងទី៣ គឺប្រាសាទភ្នំ តំណាងឱ្យភ្នំសុមេរុ នៅចំកណ្តាលទ្វីបទាំង៥ ដែលនៅទីនេះតំណាងដោយថ្នាក់ទាំង ៥នៃ ប្រាសាទ ។ សូមជម្រាបថា ថ្នាក់ទាំង ៤ ផ្នែកខាងក្រោមគឺ តំណាងឱ្យភពទាំង ៤ នៃចក្រវាឡ ដែលមានតាំងរូបគ្រុឌ យក្ស និង នាគជាដើម នៅគ្រប់មុខប្រាសាទទាំង ៤ ទិស តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ។រីឯថ្នាក់ទី ៥ គឺជាទេវស្ថានឬឋានសួគ៌តំណាងដោយប្រាង្គកណ្តាល ដែលត្រូវបានគេចាត់ទុកថា ជាភ្នំព្រះសុមេរុផ្ទាល់។ មើលពីចំងាយតួប៉មកណ្តាលនេះផុសឡើងផុតពីដំបូលសំណង់ ប្រាសាទតូចៗនៅជុំវិញធ្វើអំពីថ្ម ដែលជាប្រាសាទឧបសម្ព័ន្ធ។ ដូចនេះ ប្រាសាទរបស់យើង ត្រូវបានសាងសង់ឡើង តាមលោកធាតុវិទ្យាឥណ្ឌូ ខ្មែរ តំណាងឱ្យភ្នំព្រះសុមេរុ ហើយគឺជានិមិត្តរូបនៃចក្រក្រវាឡ។សូមរម្លឹកថា នៅក្នុងប្រាង្គកណ្តាលខាងលើនេះហើយ ដែលក្នុងអតីតកាល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងព្រះវិស្ណុមួយអង្គដៃ៨ ព្រមទាំងលិង្គរាជ្យមួយឈ្មោះថា ស្រីឥន្រ្ទស្វរៈ ដើម្បីជានិមិត្តរូបនៃសម័យកាលរបស់ទ្រង់។ តាមខ្លឹមសារសិលាចារឹក ដែលគេបានរកឃើញនៅឆ្នាំ១៩៣៥ យើងដឹងទៀតថា ការកសាងបារាយណ៍មួយយ៉ាងធំឈ្មោះថា ឥន្រ្ទាតត្តកៈ ដើម្បីផ្តល់ទឹកសម្រាប់វិស័យកសិកម្ម៕

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ចាប៉ីដងវែង