ខេត្តបន្ទាយមានជ័យ : តំបន់ទេសចរណ៍ភ្នំព្រះ

ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សហគមន៍ព្រៃឈើភ្នំព្រះ ជាតំបន់សក្តានុពលទេសចរណ៍តាមព្រៃភ្នំដ៏ទាក់ទាញមួយ ដែលមានទីតាំងនៅក្នុងស្រុកថ្មពួក មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៥៦A ពីទីរួមខេត្ត។ភ្នំព្រះនេះជាភ្នំមួយសម្បូរទៅដោយរូងភ្នំប្រហែលជិត៣០រូង រូងសំខាន់ មានរូងព្រះ(បិទបាំងដោយបារមី) រូងតាឥសី រូងក្អមខ្លោច រូងបាយសី ជាដើម។ ទីកន្លែងនេះជាទីសក្ការៈបូជាទាំងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាផងដែរ។ លោក ប្រធានមន្ទីរទេសចរណ៍ បានបន្តថា ភ្នំព្រះនេះជាតំបន់ទេសភាពព្រៃភ្នំធម្មជាតិ មានកម្ពស់ប្រមាណ ២០០ម៉ែត្រ កាំជណ្តើរបុរាណឡើងទៅកាន់កំពូលភ្នំ ដែលហ៊ុមព័ទ្ធទៅដោយព្រៃឈើចម្រុះ ជម្រកព្រៃឈើ សម្បូរសត្វព្រៃ ផ្ទៃដីជុំវិញភ្នំ១២០០ ហិកតា ដែលជា(ព្រៃអភិរក្ស)។ បច្ចុប្បន្នសក្តានុពលនៅតំបន់ទេសចរណ៍ភ្នំព្រះនេះគឺមាន៣សំខាន់ៗ គឺទី១ជាកន្លែងសក្ការៈ ដែលមានតំណាលពីបុរាណមក មានរបស់សក្ការៈបុរាណខ្មែរតែងគោរពបូជា ហើយមានអាងទឹកធម្មជាតិមួយមានទំហំប្រមាណ២ទៅ៣ម៉ែត្រ មិនដែលរីងនោះទេ ទី២ រូងភ្នំជាកន្លែងកម្សាន្តនិងជាទីគោរពបូជា ហើយចំណុចទី៣ គឺសក្តានុពលព្រៃឈើនិងសត្វព្រៃ។ លោក ប្រធានមន្ទីរទេសចរណ៍  បានបញ្ជាក់ថា បច្ចុប្បន្នដោយមានការអញ្ជើញមកទស្សនាមើលឃើញពីសក្តានុពល និងចង់កែប្រែជាកន្លែងកម្សាន្តសប្បាយបែបធម្មជាតិបៃតងស្អាត លោកជំទាវស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានចំណាយលើការដឹកនាំរៀបចំកន្លែងនេះឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ព្រៃភ្នំធម្មជាតិ។ « ភ្នំព្រះជាអេកូទេសចរណ៍ធម្មជាតិ មានព្រៃឈើរូងភ្នំ ល្អាង ដែលភ្ញៀវទេសចរទៅលេងរាល់ថ្ងៃ ហើយលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានកសាងនៅទីនោះច្រើន បានជួសជុលហើយមានកសាងវត្តនៅទីនោះនិងបានធ្វើផ្លូវថ្នល់ចូលទៅភ្នំព្រះនោះ »។ សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលមានទីតាំងប្រវត្តិសាស្ត្រ, វប្បធម៌, រមណីយដ្ឋានជាច្រើន ដែលជាសក្ដានុពល ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកទស្សនា សម្រាកលម្ហែកាយ និងកម្សាន្ត នៅ តាមបណ្តាតំបន់ទេសចរណ៍នានាក្នុងខេត្ត។ ជាមួយគ្នានេះ ខេត្តមានសណ្ឋាគារចំនួន២៨កន្លែង ផ្ទះសំណាក់ចំនួន៨៣កន្លែង ផ្ទះស្នាក់ (Home Stay ) ចំនួន០៦កន្លែង ភោជនីយដ្ឋានចំនួន៣០កន្លែង អាហារដ្ឋានចំនួន៧៨កន្លែង ដែលកំពុងដំណើរការផ្តល់ជូនសេវា ស្នាក់នៅ និងចំណីអាហារប្រកបដោយភាពកក់ក្ដៅ និងមានគុណភាពជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ខេត្ត មានសហគមន៍ទេសចរណ៍មាន០១កន្លែង រមណីយដ្ឋានទេសចរណ៍មាន ចំនួន១៣កន្លែង ក្នុងនោះរួមមាន៖ រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រចំនួន០២កន្លែង, រមណីយដ្ឋានកែច្នៃ ធម្មជាតិ និងប្រវត្តិសាស្ត្រចំនួន០៨កន្លែង, រមណីយដ្ឋានកែច្នៃធម្មជាតិ និងប្រវត្តិសាស្ត្រមានចំនួន០១កន្លែង, រមណីយដ្ឋានអេកូទេសចរណ៍ចំនួន០១កន្លែង និងរមណីយដ្ឋានកែច្នៃចំនួន០១កន្លែង ដែលផ្តល់ផលប្រយោជន៍ ដល់សហគមន៍មូលដ្ឋានតាមរយៈការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជួយដល់ប្រជាកសិករ និងប្រជាជន នៅតំបន់នោះឱ្យមានការងារធ្វើ និងទទួលបានប្រាក់ចំណូលបន្ថែម៕

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ភ្នំព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ

Photo
អាង​ជើងគ្រុស

ខេត្តបន្ទាយមានជ័យ

Photo
ប្រាសាទបន្ទាយឆ្មារ

ខេត្តបន្ទាយមានជ័យ

Photo
តំបន់ទេសចរណ៍ធម្មជាតិ

ខេត្តស្ទឹងត្រែង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង