ខេត្តកំពត : ឧទ្យានដងព្រែក
ឧទ្យានដងព្រែក ជារមណីយដ្ឋានទេសចរណ៍ដ៏ត្រកាលមួយ ដែលស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ រមណីយដ្ឋានកែច្នៃមួយនេះ ជាទីសម្រាកលម្ហែ និងកម្សាន្តយ៉ាងសម្បូរបែបសម្រាប់អ្នកទេសចរ។ ដើមដូង និងដើមចាក ដុះអមសងខាងមាត់ព្រែក ហ៊ុមព័ទ្ធទៅដោយភូមិឋានពលរដ្ឋ និងភ្នំទាបខ្ពស់ប្រដេញគ្នា។ រូបភាពទាំងនេះបញ្ចូលគ្នា បង្កើតបានជាទស្សនីយភាពធម្មជាតិគយគន់មិនណាយ។ក្រៅពីទេសភាពធម្មជាតិ ដ៏ត្រកាលនេះ ភ្ញៀវទេសចរមានជម្រើសជាច្រើនក្នុងការកម្សាន្ត រួមមានការជិះខ្សែរ៉តឆ្លងដងព្រែក ជិះកង់លើទឹក ឬទូកកាយ៉ាកគយគន់ទេសភាពតាមដងព្រែក ងូតទឹកលេង ស្ទូចត្រី បោះតង់ ថតរូបទុកជាអនុស្សាវរីយ៍ និងសម្រាកលម្ហែ ក៏ដូចជាបរិភោគអាហារឆ្ងាញ់ៗក្នុងតូបស្បូវ ដែលសង់ជាប់ៗគ្នានៅមាត់ព្រែកជាដើម។ ក្រៅពីនេះ ទេសចរក៏អាចជិះ Buggy កម្សាន្តតាមចម្ការដំណាំដូចជាទុរេន ម្នាស់ ត្របែក និងដំណាំផ្សេងទៀត និងគយគន់ភូមិឋាន រួមទាំងជីវភាពរស់នៅ របស់អ្នកនៅតំបន់នោះផងដែរ។