ខេត្តបាត់ដំបង : ស្ពានថ្មចាស់
«ស្ពានថ្មចាស់» មាននៅទីតាំងនៅមុខសាលាខេត្តបាត់ដំបង ជាស្ពានដែលបានសាងសង់ក្នុងឆ្នាំ១៩១៦។ បច្ចុប្បន្ន ស្ពានថ្មនេះ ជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកស្រូបយកខ្យល់អាកាសនាពេលល្ងាច។ ក្រៅពីបម្រើប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងធ្វើដំណើរឆ្លងកាត់អស់រយៈពេលច្រើនឆ្នាំ ស្ពានថ្មដែលនៅលើស្ទឹងសង្កែនេះ នៅតែបន្តឈរសម្រាប់ពលរដ្ឋធ្វើដំណើរថ្មើរជើង និងហាត់ប្រាណ រួមទាំងអង្គុយលេង។ ក្រោយវត្តមានអាជ្ញាធរបារាំងលើទឹកដីខេត្តបាត់ដំបងនៅឆ្នាំ១៩០៧, ៩ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ១៩១៦ បារាំងបានសាងសង់ស្ពានមួយដែលមានឈ្មោះថា អភិបាលនៃឥណ្ឌូចិនបារាំង Pont du Albert Sarraut (Governor of French Indochina) ។ នេះបើតាមឯកសារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ។ស្ពាននេះជាស្ពានដំបូងបំផុតឆ្លងកាត់ស្ទឹងសង្កែ និងនៅមានវត្តមានដល់សព្វថ្ងៃ ហើយសព្វថ្ងៃ គេនិយមហៅឈ្មោះថា ស្ពានថ្មចាស់ ដោយសារការប្រៀបធៀប និងស្ពានថ្មបីទៀតដែលសាងសង់ក្រោយៗមកទៀត។ ស្ពានថ្មចាស់ក្រុងបាត់ដំបង មានអាយុកាល១០៩ ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៥នេះ មានទីតាំង ស្ថិតនៅចំពីមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង (អតីតសាលាខេត្តបាត់ដំបង) ឆ្លងកាត់ស្ទឹងសង្កែ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩១៦ (ឯកសារខ្លះ ដាក់១៩១៧) ធ្វើពីបេតុងអាម៉េ ដែលមានភាពស៊ីវិល័យតាមរចនាបថបារាំង ។តាំងពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ស្ពាននេះមិនត្រូវបានគេអនុញ្ញាតឱ្យរថយន្ត ឬម៉ូតូឆ្លងកាត់ឡើយ ដោយសារមានសភាពទ្រុឌទ្រោម។ នៅក្បាលស្ពានផ្នែកខាងលិច មានលម្អដោយតោថ្មចំនួនពីរបែរមុខទៅទិសខាងលិច ហើយវាមានឈ្មោះល្បីល្បាញតាមរយៈបទចំរៀងជាច្រើននិពន្ធដោយកវី គង់ ប៊ុនឈឿន ។ដោយសារស្ពានមានសភាពទ្រុឌទ្រោម មិនអាចឱ្យរថយន្តឆ្លងកាត់បាន ទើបរដ្ឋបាលខេត្ត បានសាងសង់ស្ពានមួយទៀតនៅជិតគ្នា ដែលមានឈ្មោះថា ស្ពាន១៣ មករា (ផ្តើមសាងសង់ ថ្ងៃទី១៣ មករា ២០២០ និងបញ្ចប់សាងសង់ ១៣ សីហា ២០២០) ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ស្ទឹងសង្កែ ៕