ខេត្តបាត់ដំបង : កសិ-ទេសចរណ៍ស្រុកសំឡូត
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងជំរុញទេសចរណ៍ក្នុងស្រុកសំឡូត ឲ្យក្លាយជាទិសដៅទេសចរណ៍សំខាន់ថ្មីមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរបានគ្រប់រដូវកាល។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា លើកឡើងថា ស្រុកសំឡូតមានសក្តានុពលទេសចរណ៍សម្បូរបែប ជាពិសេសកសិ-ទេសចរណ៍ និង អេកូទេសចរណ៍ ដែលជាមេដែកទាក់ទាញទេសចរយ៉ាងសំខាន់មួយទៀតក្នុងខេត្តបាត់ដំបង។ស្រុកសំឡូតសម្បូរដោយធនធានធម្មជាតិ និងចម្ការ ដូច្នេះហើយយើងចង់ជំរុញឲ្យមានការប្រែក្លាយចម្ការរបស់ប្រជាពលរដ្ឋជាតំបន់កសិ-ទេសចរណ៍។ ស្រុកសំឡូតក៏មានសក្តានុពលធម្មជាតិដូចជា ជួរភ្នំ បឹងបួរ ជាពិសេសទេសចរយើងគាត់ចូលចិត្តលេងទឹក ហើយនៅស្រុកសំឡូតជាតំបន់ដែលមានប្រភពទឹកស្អាតមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មិនបង្កើតឲ្យមានរមណីយដ្ឋានកែច្នៃច្រើនក្នុងស្រុកសំឡូត ដូចស្រុកដទៃទៀតទេ។ជារួមយើងអត់ចង់កែច្នៃតំបន់ធម្មជាតិនៅទីនោះច្រើនទេ ដោយយើងផ្ដោតលើតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ វិញ ព្រោះយើងមានរមណីយដ្ឋានកែច្នៃនៅតំបន់ផ្សេងហើយដូចជា ជិះឡូរី នៅស្រុកបាណន់ជាដើម។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងជំរុញឲ្យគ្រប់ស្រុកទាំងអស់មានរមណីយដ្ឋានល្អមួយ និងវត្តគំរូមួយ សូមជម្រាបផងដែរ ក្នុងស្រុកសំឡូតមានតំបន់ទេសចរណ៍សំខាន់ៗដូចជា៖ រមណីយដ្ឋានទឹកធ្លាក់ថ្មដាចំការទុរេន, រមណីយដ្ឋានស្ទឹងក្រញូង, សហគមន៍អេកូទេសចរណ៍អូរជាំ និងតំបន់កសិ-ទេសចរណ៍ ជាច្រើនទៀតផងដែរ៕