ខេត្តកោះកុង : ភ្នំម្រេចកង្កែប អារ៉ែង
សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ជាសហគមន៍តំបន់ការពារធម្មជាតិមួយនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង បានទទួលជំនួយមូលនិធិពីក្រសួង សាងសង់ស្ពានឆ្លងកាត់អូរ ជណ្តើរឡើងទៅកាន់ភ្នំម្រេចកង្កែប ក្នុងនោះមានស្ពាន ជណ្តើរ ប្រកាន់ដៃសុវត្តិភាព ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តទៅលើភ្នំម្រេចកង្កែប ។
សហគមន៍តំបន់ការពារធម្មជាតិ បានទទួលការគាំទ្រជាខ្សែក្រវាត់បៃតង ក្នុងការជួយគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងពេលកន្លងទៅនេះ ក្រសួងបរិស្ថានបានគាំទ្រជាមូលនិធិ ជួយដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការបង្កើនជីវភាពប្រជាពលរដ្ឋ និងការអភិរក្សធនធានធម្មជាតិ ។ ភ្នំម្រេចកង្កែប គឺស្ថិតនៅក្នុងតំបន់ស្ទឹងអារ៉ែង ក្នុងភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ភ្នំម្រេចកង្កែបតំបន់ធម្មជាតិមួយកន្លែង ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិល្អឯក ប្រៀបដូចឋានសួគ៌ សម្រាប់អ្នកទេសចរផ្សងព្រេង ដែលនៅពេលបានមកដល់ និងបានទស្សនា ស្ទឹងពពក សមុទ្រឈើ សត្វព្រៃ ទឹកជ្រោះល្អស្រស់គ្មានគូប្រៀប ហ្វូងសត្វហិចហើរលើអាកាស ចម្ការដំណាំរបស់បងប្អូនជនជាតិដើមភាគតិច នៃតំបន់អារ៉ែង និងតំបន់បុរាណជាដើម។ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងលោក ឡុង កយ បានឱ្យដឹងថា កាលពីឆ្នាំ ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានអញ្ជើញទៅទស្សនកិច្ចនៅតំបន់ភ្នំម្រេចកង្កែបនេះឃើញមានស្ថានភាពលំបាក ហើយបានឱ្យសហគមន៍ស្នើសុំការអភិវឌ្ឍតំបន់ភ្នំម្រេចកង្កែប។ រហូតមកដល់ចុងឆ្នាំ ២០២១ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានសម្របសម្រួលជាមួយសហគមន៍ បានកសាង និងអភិវឌ្ឍន៍តំបន់ភ្នំម្រេចកង្កែបបានចាប់ផ្តើម ក្នុងនេះបាន សាងសង់ស្ពានឆ្លងកាត់អូរមួយចំនួន បានធ្វើជណ្តើរឡើង ធ្វើបន្ទប់ទឹកស្អាត មានអនាម័យ សាសង់ជារនាំងការពារសុវត្តិភាព បំពាក់ប្រព័ន្ធទឹកស្អាតរួមមាន ស៊ីទែនទឹក សូឡា និងសាងសង់ផ្ទះចុងភៅ១ខ្នងផងដែរ។ សម្រាប់សមិទ្ធផលទាំងអស់ នេះបានធ្វើរួចរាល់នៅអំឡុងដើមឆ្នាំ ២០២២កន្លងមក ដែលជួយឱ្យអ្នកទេសចរងាយស្រួលធ្វើដំណើរកម្សាន្តទីកន្លែងនេះ និងចំនួនភ្ញៀវទេសចរកើនឡើងបន្តបន្ទាប់។ប្រធានសហគមន៍រូបនេះ ថា ភ្នំម្រេចកង្កែបបានក្លាយជាតំបន់រមណីយដ្ឋានបែបធម្មជាតិ ស្ទើរគ្រប់រដូវកាល ហើយនៅពេលភ្ញៀវទេសចរបាន ទៅដល់ពយម្រេចកង្កែបនៅលើភ្នំកម្ពស់ប្រមាណជាង ៤៥០ ម៉ែត្រ គឺពួកគាត់អាចបោះតង់ ឬចងអង្រឹង សម្រាកក្រោមដើមឈើដ៏ត្រជាក់ល្ហឹមគ្រប់រដូវកាល។
លោកបន្តថា ភ្ញៀវទេសចរដែលមានបំណងទៅកម្សាន្តនៅទីនោះ អាចទំនាក់ទំនងទៅសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ដោយប្រជាសហគមន៍ មានផ្តល់សេវាកម្មទេសចរណ៍ ដូចជា ការរៀបចំម្ហូបអាហារ ការផ្ដល់សុវត្ថិភាព និងការនាំផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ។
គួរបញ្ជាក់ថា កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២២មន្ទីរបរិស្ថានខេត្តកោះកុងបានរកឃើញ តំបន់ទឹកធ្លាក់ដ៏ មានសក្តានុពល នៃអេកូទេសចរណ៍ធម្មជាតិ មួយកន្លែង ដែលបានបង្កប់លាក់ខ្លួន នៅលើខ្នងភ្នំម្រេចកង្កែបនេះ...៕